សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំង ដើម្បីបំពេញភារកិច្ចបម្រើជាតិ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាបេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តខេត្តបាត់ដំបង នីតិកាលទី៧ រួមទាំង តំណាងរាស្រ្តទាំង ១២៤រូបទៀត បានអញ្ជើញធ្វើពិធីសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង ដើម្បីបំពេញភារកិច្ចបម្រើជាតិ។
ពិធីសច្ចាប្រណិធាននេះ រៀបចំធ្វើឡើងនៅប្រាសាទព្រះទេវាវិនិច្ឆ័យ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។
នៅក្នុងពិធីនេះ ក៏មានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរគណៈ រួមមាន៖ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីការដឹកនាំធ្វើពិធីកម្មនានា ពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ បានអានពាក្យពេចន៍សច្ចាប្រណិធាន ហើយតំណាងរាស្ត្រទាំងអស់ថាតាម។ បន្ទាប់ពីបានអាននូវពាក្យពេចន៍សច្ចាប្រណិធានហើយនោះ តំណាងរាស្ត្រទាំងអស់ ក៏នាំគ្នាផឹកទឹកពិភទ្ទសច្ចា៕EB