រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ប្រើដ្រូនឈ្លបយកការ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ និងនេសាទ
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ហើយត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការបង្ក្រាបបទល្មើសព្រៃឈើ និងនេសាទ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងក្នុងពេលជួបពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីក៏បានបានសម្តែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស។ លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
បើតាមលោករដ្ឋមន្ត្រី ក្រសួងកសិកម្មត្រូវការការសហការពីវិស័យឯកជន ក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ រីឯផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្សដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ៕EB