សម្ដេចក្រឡាហោម ស ខេង ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាប់ព្រំដែន
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយ ធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ជាមួយបណ្ដាប្រទេសជាប់ព្រំដែន។
នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួមជាមួយ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ សមត្ថកិច្ច បានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន ពីព្រោះសារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំ បានន័យថា «គេយកសារធាតុគីមីផ្សេងៗ បូកបញ្ជូលគ្នា ផលិតជាគ្រឿងញៀន»។
សម្ដេចក្រឡាហោម បានឲ្យដឹងថា «ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនអាចប្រទេសណាមួយ ធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន»។
សម្ដេចក្រឡាហោម បន្ថែមថា កិច្ចសហប្រតិបត្តិការជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះថា កម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គនេះ ក៏មានយុទ្ធការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងនេះ។
ទន្ទឹមនឹងនោះ សម្ដេចក្រឡាហោម ស ខេង បានមានក្ដីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកម្ម និងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕EB