អធិការនគរបាលស្រុកកំរៀងត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយសង្ស័យពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់ ដែលនាំពលករចូលពីប្រទេសថៃដោយមិនបានធ្វើចត្តាឡីស័ក
បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ។
ការសម្រេចផ្អាកការងារបណ្តោះអាសន្ននេះ បានធ្វើឡើងក្រោយពីមានការបែកធ្លាយព័ត៌មាន និងរូបភាពបង្ហាញថា លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ គ្រាដែលមានការរីករាលដាលជំងឺកូវីដ១៩។
ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីសម្រេចរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូចបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជា ចំពោះមន្ត្រីនគរបាលរូបណា ដោះលែងមេក្លោង នាំផ្លូវពលករខ្មែរ មកកម្ពុជា គេចវេសមិនធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង ។
សម្ដេចតេជោ មានប្រសាសន៍ថា «ទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះលែងទៅវិញ ដែលនាំឲ្យដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញជាជួរតែម្ដង ចំពោះមន្ដ្រីនគរបាលណា ដែលអនុវត្តខុសឆ្គងទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាចនាំដល់មហន្ដរាយ នៃសុខភាពសាធារណៈ ដោយការជំងឺឆ្លង»។
សម្ដេចតេជោ ក៏បានអំពាវនាវ ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចាប់ប្រមូលអ្នកដែលជាប់ពាក់ព័ន្ធនឹងការនាំឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តដាក់ទោស ឬក៏ណែនាំទៅពួកគេ ដើម្បីឲ្យពួកគេបញ្ឈប់នាំមនុស្សឆ្លងដែនបន្ដទៀត៕