សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន ក្នុងនីតិកាលទី៥ ចាប់ពីឆ្នាំ២០១៨-២០២៣
ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈា្លសវ័យ ធ្វើឱ្យកម្ពុជា សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងនីតិកាលទី៥ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
ក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែង២៨,៣៧២គ.ម ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមឥណទានសម្បទាន ធនាគារអភិវឌ្ឍន៍អាស៊ី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខង បានមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីការប្រឈម ជាសាកលបណ្ដាលមកពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ជំងឺឆ្លងកូវីដ បញ្ហាប្រែប្រួលអាកាសធាតុ និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនថ្មីៗជាដើម។
សម្ដេចក្រឡាហោម បន្ថែមថា «ទោះជាត្រូវប្រឈមនឹងបញ្ហាជាសាកល និងការប៉ុនប៉ងបង្កអស្ថេរភាពពីក្រុមប្រឆាំងខុសច្បាប់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈា្លសវ័យ ធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងនីតិកាលទី៥ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣»។
សម្ដេចក្រឡាហោម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងស្ពានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងការបើកការដ្ឋាននាពេលកន្លងមក។ សម្ដេច បន្តថា សមិទ្ធិផលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត របស់ជាតិដែលកំពុងរីកចម្រើននេះ អាចកើតឡើងទៅបានដោយសារកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំរបស់កម្ពុជា៕