ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាពេលកន្លងមកនេះ មានភាពល្អប្រសើរ។

ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការងាររៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី០៦ និងលើកទិសដៅសម្រាប់អនុវត្តបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បន្ទាប់ពីបានគោលការណ៍ និងឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានរៀបចំខ្លឹមសារសម្រាប់ការប្រជុំនៅចុងអាណត្តិទី០៦នេះ ដើម្បីស្ដាប់បញ្ហាប្រឈម ឬសណូមពរនានារបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា «ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាពេលកន្លងមកនេះ មានភាពល្អប្រសើរ ហើយក៏ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងសុខទុក្ខ និងជីវីភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ»។

លើសពីនេះ សម្ដេចក្រឡាហោម បន្ដទៀតថា ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះសួរសុខទុក្ខ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយក្រុមការងារ ក៏បានចូលរួមចំណែក អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានដោយបានកសាងសមិទ្ធផលជាច្រើនផងដែរ។

នាឱកាសនោះដែរ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ប្រចាំអាណត្តិទី០៦ ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់បានខិតខំបំពេញបេសកកម្មចុះមូលដ្ឋានដល់ភូមិ-ឃុំ-សង្កាត់ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញទទួលការដោះស្រាយនូវរាល់ក្ដីកង្វល់ សំណើ សំណូមពរទាំងនោះ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ស្របតាមស្មារតីនៃសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងសកម្ម សំដៅរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគ្រប់វិស័យនៃការកែទម្រង់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ