ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទឺ បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានគោរមងា ឧកញ៉ាមានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ្ញ៉ា ដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ដថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ សម្តេចតេជោ បានថ្លែងនូវការកោតសរសើរដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានប្រឹងប្រែងធ្វើកិច្ចការមួយនេះបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏ប្រកាសផ្តល់ទំនុកចិត្តដល់អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់ការវាយតម្លៃ ដើម្បីផ្តល់បណ្ណសរសើរ និងគ្រឿងឥស្សរយសសម្រាប់កិច្ចខិតខំប្រឹងរបស់សមាជិកសមាគមដល់ចំពោះជាតិ និងប្រជាជន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាមិនមែនជាការចងក្រងបណ្តាញ ឬបក្សពួកនោះឡើយ ប៉ុន្តែកន្លងមកបណ្តាឧកញ៉ាតែងចូលរួមជួយសង្គមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ