ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆមាសទី១ ឆ្នាំ២០២៣ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច បានឆ្លើយតប និងដោះស្រាយចំនួន ១៣២គណនី និង១៨១គណនីទៀត ស្ថិតក្នុងដំណាក់កាលដោះស្រាយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១១ កក្កដានេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន ១៨១គណនី។ បើគិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣.៧៧៧គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២.២៦៦គណនី កំពុងពិនិត្យដោះស្រាយ៤៥៥គណនី» ។

សម្ដេចក្រឡាហោម បន្ថែមថា វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

សម្ដេចក្រឡាហោម បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍ ។ល។ សម្ដេចក៏បានក៏ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ