កម្ពុជាមានតំបន់ការពារធម្មជាតិជាច្រើន ដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរណ៍សត្វស្លាប ដែលអាចបង្កើនចំណាប់អារម្មណ៍បន្ថែមសម្រាប់អ្នកទេសចរ ដើម្បីមកកំសាន្ត និងស្វែងយល់ពីការរស់នៅរបស់សត្វស្លាបដែលមានវត្តមាននៅក្នុងតំបន់ទាំងនោះ។នេះបើតាមការលើកឡើង របស់លោក ង៉ាន់ភិរុណ អភិបាលរងខេត្តសៀមរាបក្នុងកម្មវិធីពិព័រណ៌សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ “ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ”នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
ក្នុងពិធីនេះ លោក អភិបាលរងខេត្តបានលើកឡើងទៀតថា សៀមរាប គឺជាទឹកដីនៃសម្បត្តិបេតិកវប្បធម៌ ជាទឹកដីពោរពេញទៅដោយរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជម្រុញឱ្យទឹកដីសៀមរាប-អង្គរនេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ។ជាមួយគ្នានោះ ទេសចរណ៍ធម្មជាតិបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងបានរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។
ការពិព័រណ៌សត្វស្លាបកម្ពុជាលើកទី២ សបញ្ជាក់ឲ្យឃើញថា នៅប្រទេសកម្ពុជាយើង គឺមានវត្តមានសត្វស្លាបជាច្រើនប្រភេទ និងមានរបៀបរស់នៅជាច្រើនសណ្ឋានផ្សេងៗគ្នា នៅតាមតំបន់ការពារធម្មជាតិនានានៅទូទាំងប្រទេស។ហើយតាមរយៈការរៀបចំដាក់បង្ហាញរូបភាពនេះ គឺជាការផ្សព្វផ្សាយពីសក្តានុពលសត្វស្លាប នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដល់សាធារណជន ក៏ដូចជាបង្កើននូវចំណេះដឹងដល់សាធារណជនអំពីសារៈសំខាន់ នៃសត្វស្លាប និងការងារអភិរក្សនៅកម្ពុជា។
លោកបន្តថា តាមរយៈការធ្វើបទបង្ហាញជាសាធារណៈពីអ្នកជំនាញ សត្វស្លាប និងអ្នកអនុវត្តការងារផ្ទាល់ ព្រមទាំងបណ្តុះទឹកចិត្តស្រឡាញ់ និងការចូលរួមពីសាធារណជន ជាពិសេសក្នុងស្រទាប់យុវជនក្នុងការថែរក្សា និងអភិរក្សសត្វស្លាបនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញដល់វិស័យទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាពមើលសត្វស្លាប និងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍៕SP