(មានវីដេអូ) មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ ម្នាក់ បាញ់ផ្អើលរោងបុណ្យ រួចហើយរត់ប្រូច ដោយសារតែឈ្លោះជាមួយស្រីក្មេង
ព្រះសីហនុ ៖ ឈ្លោះគ្នាជាមួយស្រីក្មេង មន្ត្រីយោធាពាក់ស័ក្ដិ៤ កន្លះម្នាក់ បានដកកាំភ្លើងខ្លីបាញ់បង្អើលឡើងលើ២គ្រាប់ រួចប្រញាប់បើកឡានរត់ចេញទៅ បន្សល់ទុកសំបកកាទុស្ស២គ្រាប់ ដែលហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះធ្វើបុណ្យ០៧ថ្ងៃ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃ នប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ គឺមិនត្រឹមតែផ្អើលដល់ភ្ញៀវមកចូលបុណ្យសពនោះទេ ថែមទាំងផ្អើលដល់ម្ចាស់ដើមទាន ប្រធានដើមបុណ្យទៀតផង។
លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅទីតាំងខាងលើនាយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន, បុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ភិន សាយ័ណ្ហ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤កន្លះមានទីលំនៅ រាជធានីភ្នំពេញ បានប្រើអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើ២គ្រាប់ ដើម្បីគំរាមស្រីក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ភ្លាមៗ ជនដៃដល់ បានបើករថយន្តម៉ាក វីហ្គោ ពណ៌.ស ពាក់ផ្លាកលេខ ( រដ្ឋ ) រត់គេចខ្លួនបាត់។
មូលហេតុដែលធ្វើឱ្យមន្ត្រីយោធា បាញ់គំរាមនោះ គេនៅពុំទាន់ដឹងជាក់លាក់នៅឡើយទេ គ្រាន់តែដឹងថា ពួកគេបានឈ្លោះគ្នា។ ទោះបីជាយ៉ាងណា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនបង្កហើយ និងកំពុងអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕EB