មណ្ឌលគិរី ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះលោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តមណ្ឌលគិរី និងអ្នកពាក់ព័ន្ធ ដែលបានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយមានប្រសិទ្ធិភាពខ្ពស់ ពិតជារួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម របស់កម្ពុជា។

សូមជម្រាបជូនថា លោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នធ្វើជាអភិបាលខេត្តស្ទឹងត្រែង វិញ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តមណ្ឌលគិរី ថ្មី នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមកោតសរសើរដល់ខេត្តមណ្ឌលគិរី ដែលមានឯកឧត្តម ស្វាយ សំអ៊ាង អតីតអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងក្រុមប្រឹក្សាខេត្ត រួមទាំង មន្ដ្រីជុំវិញខេត្តទាំងអស់ បានទទួលខុសត្រូវបំពេញការងារ និងបេសកម្មជាច្រើន ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយទាំងនេះ ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសុខសន្ដិភាព ស្ថេរភាព ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់កម្ពុជា។

សម្ដេចក្រឡាហោម ក៏បានជឿជាក់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ថ្មី នឹងខិតខំប្រឹងប្រែងធ្វើការងារបន្ដពី លោក ស្វាយ សំអ៊ាង ដែលត្រូវបានផ្ទេរភារកិច្ចជាអភិបាលខេត្តស្ទឹងត្រែងវិញ ដើម្បីឱ្យទទួលបានគាំទ្រពីប្រជាពលរដ្ឋនៅជុំវិញខេត្តមណ្ឌលគិរី។

សូមរំលឹកថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការណែនាំចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគោលយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងការអនុវត្ត កម្មវិធីកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ផ្ទៃក្នុងខេត្ត និងសភាពការណ៍សន្តិសុខ នៅតាមបណ្តយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដែលបង្កឲ្យ មានអសន្តិសុខ និងចលាចលនៅក្នុងសង្គមនោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ