ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យ មន្ត្រីក្រោមឱវាទ បន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព» ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានប្រសិទ្ធិភាព។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណ ការ និងដឹកជញ្ជូន ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ជំរុញឲ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តការកែទម្រង់ស៊ីជម្រៅរបស់ក្រសួង តាមរយៈការពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទឲ្យកាន់តែប្រសើរថែមទៀត ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោក ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។

លោកបន្ដថា «ព្រមទាំងបន្តអនុវត្តច្បាប់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ (បើខ្វះរថយន្តឆៀកចល័តត្រូវស្នើសុំ) គ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃរថយន្ត និងការកែច្នៃយានយន្តខុសពីលក្ខណៈបច្ចេកទេសឱ្យបានជាដាច់ខាត»។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីសារធារណការ ក៏បានគូសបញ្ជាក់ អំពីគោលការណ៍សាងសង់ផ្លូវឲ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ