ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេល ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។ 

ផ្អែកលើមូលដ្ឋាន នៃការរក្សាបានសុខសន្តិភាព ដែលជាកត្តាគន្លឹះធំបំផុតនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់ នៃការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ