ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ណែនាំមន្រ្តីនគរបាលចរាចរណ៍ ត្រូវលុបបំបាត់ការលួចពួនស្ទាក់ចាប់ឃាត់ប្រជាពលរដ្ឋ ពេលធ្វើដំណើរ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ហាមមន្រ្តីនគរបាលចរាចរណ៍ មិនឱ្យមានការពួនស្ទាក់ចាប់ប្រជាពលរដ្ឋ ដែលជាបាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អ មកលើកងកម្លាំងនគរបាលជាតិ។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំដល់លោកស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកលោកស្រី នាយការិយាល័យជំនាញ សណ្តាប់ធ្នាប់ និងចរាចរណ៍ លោក-លោកស្រី អធិការរង លោកលោកស្រីនាយផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ នៅតាមគោលដៅ អនុវត្តច្បាប់ចរាចណ៍ ត្រូវលុបបំបាត់មិនឱ្យការលួចពួនស្ទាក់ចាប់ ឃាត់ប្រជាពលរដ្ឋធ្វើដំណើរ នៅតាមដងផ្លូវនោះទេ ពីព្រោះបាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អ មកលើកងកម្លាំងនគរបាលជាតិ។
ជាពិសេស មន្រ្តីនគរបាលសណ្តាប់ធ្នាប់ ចរាចរណ៍ហាមដាច់ខាត ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងឱ្យមានកាយវិការពាក្យសំដីទន់ភ្លន់ ចំពោះប្រជាពលរដ្ឋហើយម៉ឺងម៉ាត់ ចំពោះភារកិច្ចរបស់ខ្លួន៕EB