ភ្នំពេញ ៖ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃ ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ នេះបើតាមរបាយកាន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០.២៧ប៊ីលានដុល្លារ ក្នុងនោះ៩៩.៥៩% ឬប្រមាណ ១០.២៣ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ០.៤១%ឬប្រមាណ ៤២.៤៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនោះរួមមាន ៤៣% ជាដុល្លារអាមេរិក, ២១%ជាអេសដេអ៊ែរ, ១២% ជាយ័នចិន,១១% ជាយេនជប៉ុន, ៧%ជាអឺរ៉ូ និង ៦%ទៀតជារូបយវត្ដុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹងផលិតផលក្នុងស្រុកសរុប (ផសស) មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាតគោល ៤០%។

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៤៨៨.៣១ លានដុល្លារសមមូលនឹង ៣៦១.១៥ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ២១.២៤% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៣៨% និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៦៦%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ៥៤%។

ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា «ឥណទានទាំងនេះ សុទ្ធសឹងជាឥណទាន មានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣៨%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ