សម្ដេច ស ខេង សង្ឃឹមថា សមាគមមូលនិធិសម្ដេចតេជោ នឹងបន្ដបេសកកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កម្ពុជា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសង្ឃឹមថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងបន្ដបេសកកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយដល់ការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅប្រទេសកម្ពុជា។
ក្នុងពិធីពិសាអាហារសាមគ្គី នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងបន្ដបេសកកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយដល់ការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅប្រទេសកម្ពុជា ជាពិសេសជួយប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើកិច្ចការជាសហគ្រាសធុនតូច និងមធ្យមនេះ»។
សម្ដេច បានបន្ដថា ក្នុងនាមជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ, សម្ដេចក្រឡាហោម ក៏មានបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសេចក្ដីសុខ និងរីកចម្រើន។
នាឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងឱ្យដឹងថា សមាគមមូលនិធិសម្តេចតេជោ បានយល់ច្បាស់ពីភាពចាំបាច់ នៃការលើកកម្ពស់ ការជំរុញ និងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសមាគមបានធ្វើសកម្មភាព និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករ ឬសហគ្រិនជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលនឹងកំពុងធ្វើពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត លោកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានលើកឡើងថា សមាគម គាំទ្រដល់សហគ្រាសធុនតូច ដើម្បីផ្ដល់ឱកាសឱ្យប្រជាជន ពិសេសយុវជនដែលជាកម្លាំងពលកម្មមានលទ្ធភាព ផលិតកម្ម សេវាកម្ម និងទទួលបានផលប្រយោជន៍ពីសហគ្រាសធុនតូច ប្រកបដោយសមធម៌។
សូមបញ្ជាក់ថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕EB