ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជូនដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅបំពេញទស្សនកិច្ច នៅកូរ៉េ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ជាមួយលោកស្រី ហាក់ ចាហាន់មូន សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅទីក្រុងសេអ៊ូល។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងសមាសភាពចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម ក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ ប្រកបដោយសន្តិវិធី។
លើសពីនេះទៀត នៅថ្ងៃទី១២ កុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់ សម្តេចតេជោ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជា នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕EB