ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អ្នកដឹកនាំណាធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ គឺមិនទទួលជោគជ័យនោះទេ តែងតែទទួលបរាជ័យ។

ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា អ្នកធ្វើនយោបាយត្រឹមត្រូវ គឺនយោបាយផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន និងធ្វើអ្វីៗគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងទាមទាររបស់ប្រជាពលរដ្ឋ។

សម្ដេច បានគូសបញ្ជាក់ថា «យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន។ សព្វថ្ងៃនេះ ដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។

សម្ដេច នាយករដ្ឋមន្រ្តីស្ដីទី បានបន្តថា រាជរដ្ឋាភិបាល និងគណបក្ស ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀត ជាប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្ដេច បានបន្ថែមថា «បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូ ដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ