ភ្នំពេញ៖ សហរដ្ឋអាមេរិក នៅតែបង្ហាញពីកង្វល់ជុំវិញ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ខណៈកម្ពុជាអះអាងជាថ្មី និងបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ ។

រឿងមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។

កាលពីថ្ងៃទី១១ ឧសភា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា «ក្នុងជំនួបនោះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងពីកង្វល់មួយចំនួន ទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ។ […] ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាជាថ្មីអំពី ការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស ។ កាយវិការដែលកម្ពុជាបានធ្វើឡើង ក្នុងការអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មាន សម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុង វិស័យយោធា» ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងរឿងកំពង់ផែរាមនេះដែរ មន្ត្រីយោធាខ្មែរ៤រូប បានរងភាពអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធតំបន់តារាសាគរ និងកំពង់ផែរាម ដែលអាមេរិក និងសម្ព័ន្ធមិត្តបានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា ។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ អាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន៥នាក់ រួមមាន៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ