សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងត្រឡប់មកកម្ពុជាវិញ ក្រោយពិនិត្យព្រះរាជសុខភាពជាង ១ខែនៅប្រទេសចិន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។
ការយាងនិវត្តរបស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏មានការអញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងនិវត្តន៍ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោក Wang Wentian ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា ព្រមទាំងលោក-លោកស្រី ជាថ្នាក់ដឹកស្ថាប័នជាតិសំខាន់ៗ ជាច្រើនរូបទៀតផងដែរ។
សូមរំលឹកថា ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដែលនេះជាព្រះរាជដំណើរពិនិត្យសុខភាពលើកទី២ របស់ព្រះអង្គ នៅប្រទេសចិន ក្នុងឆ្នាំ២០២២នេះ ខណៈលើកទី១ មានរយៈពេលជាង១ខែដូចគ្នា កាលពីខែមីនា-មេសា ឆ្នាំ២០២២។
ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ៕