ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់គណបក្សនយោបាយទាំងអស់ កុំនិយាយបំភ្លើស ឬបង្ខូច នៅអ្វីពីការរីកចម្រើនរបស់កម្ពុជា ខណៈកម្ពុជា កំពុងមានសុខសន្ដិភាពពេញលេញ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលតែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់គណបក្សនយោបាយឡើយ។

សម្ដេច មានប្រសាសន៍ថា «ឥឡូវសួរមើល យើងសួរមើល មានចឹងមែនទេ? ចុះសាលារៀន មន្ទីរពេទ្យ ការចាក់វ៉ាក់សាំងឲ្យតែគណបក្សប្រជាជនឬយ៉ាងម៉េច? វាមិនចឹង ចឹងសូមផ្ដល់យុត្តិធម៌ ប្រជាពលរដ្ឋលោកបានស្ដាប់ អ្នកដែលនិយាយនោះ សូមឲ្យមានការពិចារណា»។

សម្ដេច បន្ដថា «យើងជាអ្នកកាន់អំណាច ត្រូវឈរលើគោលការណ៍ច្បាប់ យើងបង្កលក្ខណៈសម្បត្តិគ្រប់គណបក្សនយោបាយ ដែលធ្វើសកម្មភាព ប៉ុន្ដែគណបក្សនយោបាយទាំងអស់ ក៏មិនត្រូវបំភ្លើស បង្ខូច នៅអ្វីដែលមិនពិត។ ជូនអីរឿងតូច ទៅពង្រីកឲ្យរឿងប៉ុនភ្នំក៏មាន»។

សម្ដេច ក៏បានអំពាវនាវដល់មន្ដ្រីរាជរដ្ឋាភិបាលត្រូវធ្វើខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ កុំចាត់ទុកខ្លួនជាចៅហ្វាយនាយប្រជាពលរដ្ឋ។ សម្ដេច ថា អ្នកនយោបាយប្រឆាំងមួយចំនួន ថា កម្ពុជា មិនមានការអភិវឌ្ឍន៍ ខណៈសកលលោក បានកោតសរសើរកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ