ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩  ឲ្យមានលទ្ធផលល្អប្រសើរ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

លោក បានបញ្ជាក់ថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានដំណើរការល្អ ឆ្ពោះទៅសម្រេចបានតាមគោលដៅរំពឹងទុក។ ទន្ទឹមនឹងនេះ យើងក៏សង្កេតឃើញមានការធ្វេសប្រហែសរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនក្នុងការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញនៅការចម្លងជំងឺ កូវីដ-១៩ នៅតាមខេត្តមួយចំនួន ហើយក្នុងនោះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុងចំណោមបងប្អូន ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩»។ 

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣,៤៤១,០៩៣នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ