ក្រសួងសុខាភិបាល ប្រកាសកំណត់ភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងកំណត់ភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងសៀមរាប ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
តាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បញ្ជាក់ថា «ក្រសួងសុខាភិបាល សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្ត សៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍»។
លោកបន្ដថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលត្រូវបានកំណត់ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ លោកថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ដើម្បីធានាអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូល រួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៨១៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន ៥នាក់ ៕EB