នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បង្ហាញវិធីសាស្ត្រដើម្បីការពារខ្លួនពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត ដែលហេតុធ្វេីឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈអំពេីឆបោកប្រាក់ គំរាមកំហែង លួចទិន្នន័យ និងបទល្មេីសផ្សេងៗ។
ដើម្បីការពារខ្លួនពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា ក្រុមការងារសូមលើកយកនូវគន្លឹះមូលដ្ឋាន ចំនួន៩ ដូចខាងក្រោម៖
១.ប្រើពាក្យសម្ងាត់ពិបាកទាយ៖ ប្រើប្រាស់លេខសម្ងាត់ដែលមានលាយអក្សរធំ អក្សរតូច លេខ និងតួអក្សរពិសេស (Symbol) ជៀសវាងការប្រើប្រាស់លេខសម្ងាត់ដដែលៗសម្រាប់គណនីអនឡាញផ្សេងទៀត។
២.ធ្វេីបច្ចុប្បន្នភាពកម្មវិធីក្នុងម៉ាស៊ុនកុំព្យូទ័រ ឬឧបករណ៍ឌីជីថល ៖ ត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ (Softwares) របស់អ្នកបានធ្វេីបច្ចុប្បន្នភាព (upgrade/ update / patch) ទៀងទាត់។
៣.បេីកដំណេីរការ និងប្រើប្រាស់ Two-factor Authentication (2FA)៖ ការផ្ទៀងផ្ទាត់ 2FA បានបន្ថែមស្រទាប់សុវត្ថិភាពដល់គណនីអនឡាញរបស់អ្នក រាល់ពេលចូលដំណេីរការគណនីពីម៉ាស៊ុនកុំព្យូទ័រ ឬឧបករណ៍ឌីជីថលថ្មីពុំធ្លាប់ប្រេីពីមុន។
៤.ប្រើប្រាស់កូដនីយកម្ម (Encryption)៖ ប្រេីប្រាស់ HTTPS (SSL/TLS) នៅពេលចូលដំណេីរការគណនីអនឡាញ ឬផ្លាស់ប្តូរព័ត៌មានសម្ងាត់ផ្សងៗ ជាពិសេសនៅពេលភ្ជាប់ទៅ Wi-Fi សាធារណៈ។
៥.ប្រុងប្រយ័ត្នបច្ចេកទេស លួចទិន្នន័យ Phishing៖ ប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុងអ៊ីមែល (Email Attachment) និងតំណភ្ជាប់ (Link/URL) ពីប្រភពពុំច្បាស់លាស់ ព្រោះអាចបង្កប់នូវមេរោគ ឬភ្ជាប់ទៅកាន់គហទំព័របញ្ឆោតលួចព័ត៌មាន។ សូម ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអ៊ីមែល ឬតំណភ្ជាប់ ដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុ ។ល។
៦.ការពារព័ត៌មានផ្ទាល់ខ្លួន (ឯកជនភាព)៖ កំណត់ឯកជនភាព (ឧទាហរណ៍៖ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណេីត លេខទូរស័ព្ទ ។ល។ ) នៅលើប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីអនឡាញផ្សេងទៀត។
៧.បម្រុងទុកទិន្នន័យ (Backup)៖ បម្រុងទុកឯកសារ និងទិន្នន័យសំខាន់ៗ ក្នុងឧបករណ៍ផ្ទុកផ្សេងទៀត (ឧទាហរណ៍៖ Flash Drive ឬ External Hard Disk ។ល។ ) ដោយចាក់សោរឯកសារទាំងនោះ និងទូកដាក់នៅទីកន្លែងមានសុវត្ថិភាព។
៨.ដំឡេីងកម្មវិធីបង្កេីនសុវត្ថិភាព៖ ដំឡេីងកម្មវិធីសុវត្ថិភាព រួមមានកម្មវិធីកម្ចាត់មេរោគ VPN និងជញ្ជាំងភ្លើង (Firewall) ដើម្បីការពារកុំព្យូទ័រ និងឧបករណ៍ចល័តរបស់អ្នកពីការគំរាមកំហែង ឬការជ្រៀតចូល ។
៩.ធ្វេីសេចក្តីរាយការណ៍៖ ករណីរងគ្រោះ ឬដឹងព័ត៌មានអំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវធ្វេីសេចក្តីរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច៕