ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង                                            ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអបអរសាទរជាមួយជនរួមជាតិទាំងអស់ ចំពោះកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ដែលដណ្តើមបានជោគជ័យយ៉ាងគាប់ប្រសើរ និងយ៉ាងត្រចះត្រចង់ ក្នុងការចូលប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានសរសេរថា «លទ្ធផលគួរជាទីមោទនភាពសម្រាប់ជាតិ និងមាតុភូមិរបស់យើង នាពេលនេះរួមមាន ការដណ្តើមបានមេដាយ សរុបចំនួន ៧គ្រឿង ក្នុងនោះ មេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង»។

សម្ដេចក្រឡាហោម បន្ដថា «ដើម្បីអបអរសាទរ និងរួមចំណែកលើកទឹកចិត្តកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា សម្ដេច ជូនថវិកាចំនួន ២០,០០០ដុល្លារ តាមរយៈប្រធានប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដើម្បីចាត់ចែងប្រគល់ជូនបងប្អូន»។

សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី រួមទាំងប្រតិភូ និងសូមជូនពរប្រតិភូ និងក្រុមកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ធ្វើដំណើរមកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ