លោកស្រី ទ្រី ដាណា គ្រោងពង្រីកគម្រោងអាជីវកម្មបន្ថែមទៀត បន្ទាប់ពីអាជីវកម្មរបស់ខ្លួន មានការរីកចម្រើន
ភ្នំពេញ ៖ លោកស្រី ទ្រី ដាណា អគ្គនាយការក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ត្រេឌីងខូអិលធីឌី បានថ្លែងថា លោកស្រី គ្រោងពង្រីកគម្រោងអាជីវកម្មបន្ថែមទៀតនាពេលអនាគត បន្ទាប់ពីអាជីវកម្មរបស់ខ្លួន មានការរីកចម្រើនឥតឈប់ឈរ ក្នុងរយៈពេលកន្លងទៅនេះ ទោះបីស្ថិតក្នុងវិបត្ដិជំងឺកូវីដ-១៩ក៏ដោយ។
ក្នុងពិធីសម្ពោធអគារពាណិជ្ជកម្មក្រុមហ៊ុនដាណាទ្រី នៅលើផ្លូវ មហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានាភ្នំពេញ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកស្រី ទ្រី ដាណា បានរៀបរាប់ថា ក្រុមហ៊ុនមានផែនការបើកគម្រោងអាជីវកម្មថ្មីៗ នាពេលខាងមុខជាច្រើន និងជាមួយការពង្រឹងអាជីវកម្មចាស់ៗផងដែរ។
លោកស្រី បានញ្ជាក់ថា ការគ្រោងពង្រីកគម្រោងអាជីវកម្មនេះ ដោយសារក្នុងរយៈពេលចុងក្រោយនៃវិបត្ដិជំងឺកូវីដ១៩ មានសន្ទុះកើនឡើងខ្លាំងពីមហាជន។ លោកស្រី បានបន្ថែមថា ការបើកគម្រោងអាជីវកម្មថ្មីៗនេះ គ្រោងនឹងចំណាយថវិកាជាច្រើនលានដុលា្លរ ដើម្បីឆ្លើយតបតាមវិសាលភាពនៃការគាំទ្ររបស់មហាជន។
លើសពីនេះទៀត លោកស្រី ទ្រី ដាណា អគ្គនាយការក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ត្រេឌីងខូអិលធីឌី ក៏បានប្រកាសបើកចំហរធ្វើការសហការគ្រប់ដៃគូរ ដែលមានឆន្ទៈច្បាស់លាស់ក្នុងការធ្វើអាជីវកម្ម ដោយមិចបាច់មានដើមទុនច្រើននោះទេ។
សូមបញ្ជាក់ថា លោកស្រី ទ្រី ដាណា ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានចិត្តសប្បុរសមួយរូប នៅប្រទេសកម្ពុជា ដែលតែងចែករំលែកដល់អ្នកខ្វះខាត នៅគ្រប់ទីកន្លែង នៅទូទាំងប្រទេសកម្ពុជា។ បើងាកមកជំនួញវិញ លោកស្រី ទ្រី ដាណា ជាម្ចាស់ហាងពេជ្រ នៅព្រែកព្នៅ និងជាម្ចាស់ក្រុមហ៊ុន ដាណា ទ្រី ដែលនាំចូលផ្ដាច់មុខនូវគ្រឿងសម្អាងម៉ាក NNP៕