ភ្នំពេញ ៖ លោក ទន់ ឆៃអ៊ាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីមៀរ៍ ផាក បានប្រកាសថា នៅថ្ងៃអនាគត ក្រុមហ៊ុនព្រីមៀរ៍ ផាក មានមហិច្ឆិតាពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នូវវិស័យអចលនទ្រព្យ ឱ្យស្របតាមតម្រូវការចង់បានរបស់អភិថិជន ពិសេសស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច និងស្របតាមទិសអភិវឌ្ឍរបស់រាជរដ្ឋាភិបាលផងដែរ។

គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក បច្ចុប្បន្នកំពុងអភិវឌ្ឍផ្ទៃដីសរុប ៧០ហិកតា រួមមាន៖ គម្រោងដីឡូតិ៍ខ្នាតវីឡា, ផ្ទះអាជីវកម្ម, ភូមិគ្រិះ, ខុនដូរ, អាផាតមិន, ក្លឹបហាត់ប្រាណ, សួនកម្សាន្ត និងអាងហែលទឹក មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍក្បាលនាគ ហ៊ុព័ទ្ធទៅដោយគម្រោងជាច្រើននៅជុំវិញ ជាពិសេសនៅជិតពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាតំបន់កំពុងតែមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ បង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅដែលល្អបំផុត ប្រកបដោយផាសុខភាព។

ក្រោយបញ្ចប់កិច្ចព្រមព្រៀងចុះអនុសារណៈយោគយល់គ្នារវាង ក្រុមហ៊ុន ព្រីមៀរ៍ ផាក ជាមួយធនាគារភ្នំពេញពាណិជ្ជ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រារព្ធធ្វើឡើងនៅធនាគាភ្នំពេញពាណិជ្ជ លោក ទន់ ឆៃអ៊ាង បានថ្លែងប្រាប់ក្រុមការងារសារព័ត៌មាន NP News ថា មូលហេតុធ្វើឱ្យក្រុមហ៊ុន សម្រេចចិត្តបោះទុនវិនិយោគលើគម្រោងអចលនទ្រព្យដ៏ធំនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នាឱកាសនោះដែរ លោក ទន់ ឆៃអ៊ាង បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីឱ្យមានការសហការមួយ ដែលអាចផ្តល់នូវកិច្ចព្រមព្រៀងច្បាស់លាស់ និងជាក់លាក់ តាមរយៈការផ្លាស់ប្តូរគំនិតគ្នា ក្នុងការលើកទឹកចិត្តដល់អតិថិជនដែលកំពុងប្រើប្រាស់ និងមានបំណងចង់ប្រើប្រាស់ឥណទានក្នុងផលប្រយោជន៍រួមគ្នា។

លោក បន្ដថា ធនាគារភ្នំពេញពាណិជ្ជ និងក្រុមហ៊ុន ព្រីមៀរ៍ ផាក នឹងបន្តកិច្ចសហការជាដៃគូរបស់ខ្លួន សម្រាប់គម្រោងផ្សេងៗទៀត នៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់អតិថិជន ក៏ដូចជា រួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារឱ្យមានភាពរីកចម្រើនខ្លាំងក្លា និងប្រកបដោយនិរន្តរភាព។

ដោយឡែក លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់ នៃធនាគារភ្នំពេញពាណិជ្ជ បានថ្លែងឱ្យដឹងថា ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូនេះ អតិថិជនដែលទិញដីឡូត៍ពីក្រុមហ៊ុន ព្រីមៀរ៍ ផាក អាចស្នើប្រាក់កម្ចីពីធនាគាភ្នំពេញពាណិជ្ជ បានរហូតដល់៧០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចី គឺបានរហូតដល់ ១៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់សមរម្យ ការអនុម័តប្រាក់កម្ចីរហ័ស និងមានលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត សម្រាប់អតិថិជន។

លោក បន្ថែមថា អ្វីដែលកាន់តែពិសេសនោះ ក្នុងករណីដែលអតិថិជនមិនទាន់មានប្រាក់កក់គ្រប់គ្រាន់ អតិថិជនអាចធ្វើការសន្សំដោយបើកគណនីប្រាក់បញ្ញើរបស់ធនាគារភ្នំពេញពាណិជ្ជ ដើម្បីស្នើសុំឥណទានបាន។

សូមរំលឹកថា ពិធីចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយ ធនាគារភ្នំពេញពាណិជ្ជ និងក្រុមហ៊ុនព្រីមៀរ៍ ផាក ក្នុងគោលបំណងបង្កើតឱ្យមានភាពជាដៃគូសហការរវាង ក្រុមហ៊ុន និងធនាគារ ដើម្បីឱ្យអភិថិជនមានឱកាសបានធ្វើការវិនិយោគជាមួយក្រុមហ៊ុន តាមរយៈកម្ចីឥណទានពីធនាគារ ដែលជាដៃគូសហការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ