លោក ស៊ុន ចាន់ថុល ប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោង ចំនួន៣៣០
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោង ចំនួន៣៣០គម្រោង ដែលកំណត់ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ក្នុងរយៈពេល១០ឆ្នាំខាងមុខ»។
ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងទាក់ទងនឹង គម្រោងស្ថាបនាកំពង់ផែនៅស្រុកដងទង់ ខេត្តកោះកុង ដោយប្រើប្រាស់ថវិកាជាតិ កំពង់ផែខេត្តកំពតនិង ខេត្តកែប គម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ពីពីរគន្លងទៅបួនគន្លង ពីកៅស៊ូពីរ ស្រទាប់ស្តើង(DBST)ទៅបេតុងកៅស៊ូ(AC) ដើម្បីឱ្យសមស្របនឹងកំណើនសេដ្ឋកិច្ច និងកំណើនដឹក ជញ្ជូន។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនៅកម្ពុជាឱ្យមានការរីកចម្រើន។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានធ្វើការកត់សម្គាល់សំណើទាំងឡាយ ដែលបាន លើកឡើងដោយ លោកទេសរដ្ឋមន្ត្រី និងសន្យាឆ្លើយតបប្រកបដោយវិជ្ជមាន។ បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនលើការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕EB