ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តកងកម្លាំងនគរបាលជាតិ ប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និងមានមនសិការវិជ្ជាជីវៈខ្ពស់។

តាមរយៈសារលិខិតរបស់ អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២២ សភាពការណ៍សន្តិសុខសកលលោកនៅតែបន្តប្រែប្រួលប្រកបដោយភាព ស្មុគ្រស្មាញ ដែលហេតុការណ៍មួយចំនួនអាចជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលដល់កម្ពុជា។ ក្នុងអំឡុងពេលដូចគ្នានេះផងដែរ ព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន នឹងត្រូវរៀបចំប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាទៀតផង។

នាយឧត្តមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគ្រាំទ្រលើកទឹកចិត្តដល់ បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់ នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឹងម៉ាត់ និងមានមនសិការវិជ្ជាជីវៈខ្ពស់។ ទន្ទឹមនេះក៏ត្រូវបន្តការប្រុង ប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើជាគំរូល្អដល់សាធារណជន»។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងថា ទន្ទឹមនេះបញ្ហាប្រឈមមួយចំនួន នៅតែបន្តកើតមានឡើងដូចជា៖ បទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសបច្ចេកវិទ្យា ជាដើម។ ដែលព្រឹត្តិការណ៍ និងហេតុការណ៍ទាំងអស់នេះ ទាមទារចាំបាច់ឲ្យកងកម្លាំងនគរបាលជាតិ បន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ខិតខំប្រឹងប្រែងអនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ នូវរាល់ផែនការ វិធានការ ក៏ដូចជា យុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យបរិយាកាសសង្គមមានភាពកក់ក្តៅ មានលក្ខណៈសម្បត្តិល្អប្រសើរ បម្រើឲ្យព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ