ព្រះវិហារ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានស្នងការនគរបាល កងរាជអាវុធហត្ថ ជាសេនាធិការ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការធានាគ្រប់គ្រងសភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ក្នុងនោះការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងពេលកន្លងមក និងអនាគត ដែលជាប្រព្រឹត្តការណ៍ប្រវត្តិសាស្ត្រ និងប្រកបដោយមោទនភាព។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិការអ៊ុទូក និងសំណង់សិល្បការផ្សេងៗ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នេះជាការបង្ហាញឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយវិមជ្ឈការនៅមូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវជំរុញឲ្យកាន់តែសកម្មថែមទៀត នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សំដៅកាត់បន្ថយឲ្យបាននូវបទល្មើសគ្រប់ប្រភេទ បង្កើនភាពកក់ក្តៅដល់ការរស់នៅប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានបន្តទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះ បានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវសុខសន្តិភាព មានស្ថិរភាពនយោបាយពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ