ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ បានចូលរួមចំណែករួមគ្នាជួយដោះស្រាយ ពិសេសរាល់សេចក្ដីត្រូវការណាដែលមានអាទិភាព សម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សាថ្មី ចំនួន ៣ខ្នង នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការផ្សេងៗទៀត ជាក្រុមការងាររាជរដ្ឋាភិបាលបាននិងកំពុងចូលរួមសកម្មភាពបម្រើជាតិ បម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ពោលគឺក្រៅពីការងារស្នូល ក៏បានចូលរួមក្នុងការងារមូលដ្ឋានបន្ថែមទៀតដែរ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សម្ដេច បានបន្ថែមថា ក្រុមការងារទាំងពីរ មានគោលដៅដូចគ្នាមួយគឺធ្វើការងារបម្រើប្រជាពលរដ្ឋដូចៗគ្នា ពិសេសការពាំនាំនូវស្ថានការណ៍ជាក់ស្ដែងនៅមូលដ្ឋាន ដូចជា៖ ការលំបាក បញ្ហាប្រឈម សំណូមពរ ឬសំណើរនានារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរាយការណ៍ដល់រាជរដ្ឋាភិបាល រាយការណ៍ដល់ថ្នាក់ដឹកនាំគណបក្សឱ្យជួយដោះស្រាយនៅក្នុងករណីបញ្ហាទាំងនោះ ពួកគាត់គ្មានលទ្ធភាព ឬសមត្ថភាពដើម្បីដោះស្រាយ ហើយថាប្រសិនបើក្រុមការងារទាំងពីរនេះមានលទ្ធភាពអាចធ្វើបាន ក្រុមការងារនឹងប្រមែលប្រមូលធនធានដើម្បីឆ្លើយតបសេចក្ដីត្រូវការប្រជាពលរដ្ឋ។

សម្ដេច បញ្ជាក់ថា «យើងធ្វើរបៀបនេះ ពិតជាមានប្រយោជន៍ច្រើនណាស់ ដោយយើងមិនរង់ចាំតែគម្រោងថវិការបស់រដ្ឋ ឬថវិកាជាតិ»។ សម្ដេច បន្តថា «គម្រោងថ្នាក់ជាតិដែលប្រើថវិកាជាតិនោះ គឺមានជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មិនអាចបំពេញសេចក្ដីត្រូវការពលរដ្ឋបានទាំងអស់បានដែរ ដូច្នេះក្រុមការងារទាំងក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស បានចូលរួមចំណែករួមគ្នាជួយដោះស្រាយ ពិសេសរាល់សេចក្ដីត្រូវការណាដែលមានអាទិភាពសម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»។

ពាក់ព័ន្ធនឹងសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង  បានមានប្រសាសន៍ថា ការសិក្សារៀនសូត្រ ឬការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។

សម្ដេច បន្ថែមថា «កត្តានេះជាកត្តាគន្លឹះតែម្ដង មិនមែនមនុស្សច្រើនហើយខ្លាំងនោះទេ ហើយក៏មិនមែនមានន័យថាប្រទេសហ្នឹងមានធនធានធម្មជាតិសម្បូរបែបហើយក៏ខ្លាំងនោះដែរ។ ប៉ុន្តែបើប្រទេសនោះមានចំនួនប្រជាជនតិច ហើយធន់ធានក៏មិនសម្បូរ ក៏ប៉ុន្តែគេមានធនធានមនុស្ស មានអ្នកចេះដឹង ហើយមនុស្សរៀនសូត្របានជ្រៅជ្រះ ពិតជាធ្វើឱ្យស្រុកទេសរីកចម្រើន ថ្កុំថ្កើនរុងរឿង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ