ភ្នំពេញ ៖ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធីបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

លើសពីនេះ ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ