សម្ដេច ស ខេង ៖ ចាប់ពីថ្ងៃទី១៨ សីហា មកដល់បច្ចុប្បន្នចំនួនបណ្ដឹងទទួលតាមហ្វេសប៊ុកប្រមាណ ៣៦៨ករណី និងសង្គ្រោះជនរងគ្រោះ ៣៦១នាក់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្បុប្បន្នចំនួនបណ្ដឹងទទួលបានតាមប្រព័ន្ធហ្វេសប៊ុក និងទូរស័ព្ទទាន់ហេតុការណ៍ប្រមាណ ៣៦៨ករណី និងសង្គ្រោះជនរងគ្រោះ ៣៦១នាក់។
ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្បុប្បន្នចំនួនបណ្ដឹងដែលបានទទួលតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការមានប្រមាណ ៣៦៨ករណី។ ក្នុងនោះ ជនល្មើស បានធ្វើសកម្មភាព ក្នុងខេត្តព្រះសីហនុច្រើនជាងគេ គឺរហូតដល់ ២៤៩ករណី»។
សម្ដេចក្រឡាហោម បន្ដថា ក្រុមប្រតិបត្តិការ បានធ្វើសកម្មភាពរុករកជនល្មើសនៅតាមបណ្ដាលពីតាំងសង្ស័យ តាមសេចក្ដីរាយការណ៍ បានសង្គ្រោះជនរងគ្រោះ ៣៦១នាក់។ ក្នុងនោះ រងគ្រោះដោយអំពើជួញដូរ ៩ករណី មានមនុស្ស ៥៤នាក់ មាន ៦សញ្ជាតិ។ លើសពីនេះ សមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិបទល្មើស ៤១នាក់ មាន ៣សញ្ជាតិ បញ្ជូនទៅតុលាការ និងរឹបអូសភស្ដុតាង និងបិទទីតាំង ដើម្បីស៊ើបអង្កេតប្រមូលភស្ដុតាងបន្ថែមទៀត។
សម្ដេចក្រឡាហោម បន្ថែមថា ក្រៅពីនេះ ក៏មានជនរងគ្រោះរាប់រាយនាក់ទៀត ដែលត្រូវបានសមត្ថកិច្ចរកឃើញ ទោះបីអ្នកទាំងនោះមិនមែនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ ក៏ត្រូវបានសមត្ថកិច្ចរំដោះចេញពីតាំងគ្រោះថ្នាក់ នាំទៅកាន់ទីតាំងសុវត្ថិភាព ក្រោមកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលពីបណ្ដាលស្ថានទូត នៃបណ្ដាប្រទេសសាម៉ីដែលមានការពាក់ព័ន្ធ ដើម្បីវិលត្រឡប់ទៅកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញ ដោយសុវត្ថិភាព។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការពីគ្រប់ភាគីទាំងអស់ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយសង្គ្រោះជនរងគ្រោះ តាមរយៈការជួយផ្ដល់ព័ត៌មានពិតអំពីសកម្មភាពជនល្មើស និងជនរង្គ្រោះដោយអំពើជួញដូរ រួមទាំង៖ សកម្មភាពទុច្ចរិតទាំងឡាយដែលឧក្រិដ្ឋជនបានធ្វើសកម្មភាពជ្រកក្រោមស្លាកអាជីវកម្មនានា៕