ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។

យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ កងយោធពលខេមរភូមិន្ទ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតដោយឥតគិតថ្លៃ។

តាមសេចក្ដីជូនដំណឹង របស់ ក្រសួងការងារ នាថ្ងៃទី១១ តុលា បានបញ្ជាក់ថា «ដើម្បីចូលរួមក្នុងយុទ្ធនាការដែលជាផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសនេះ ក្រសួងស្នើម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ»។

ក្រសួង ក៏បានជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមរំលឹកថា កាលពីថ្ងៃទី១១ តុលា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ