ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងប្រធានក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងថា អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងរៀបចំយន្តការការងារ (SOP) និងបំពាក់បច្ចេកវិទ្យាសម្រាប់គាំទ្រប្រព័ន្ធទាំងអស់ ដើម្បីការពារហានិភ័យ និងការពារសុវត្ថិភាព នៃការប្រើប្រាស់ផងដែរ។

នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហោ សំអាត បានលើកឡើងថា ផ្អែកតាមការធ្វើសម្រង់ស្ថិតិបច្ចុប្បន្នភាព និងកិច្ចប្រជុំជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ជាក់ស្តែងមានប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការមានច្រើន និងមានលក្ខណៈស្មុគស្មាញច្រើន។ ក្នុងនោះក្រុមការងារលេខាធិការដ្ឋាន ក៏បានប្រជុំពិភាក្សា និងទំនាក់ទំនងបន្ថែមជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពាក់ព័ន្ធបានអោយឃើញថា ប្រព័ន្ធទាំងអស់នេះអាចធ្វើការរុះរើចូលអគារទីស្ដីការក្រសួងថ្មីបាន ក្នុងករណីអគ្គនាយកដ្ឋាននីមួយៗមានតម្រូវការ។

ឧត្តមសេនីយ៍ឯក បានបន្ថែមថា តាមគោលការណ៍ណែនាំរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថលក្រសួងមហាផ្ទៃ ក្រុមការងារលេខាធិការដ្ឋាន បានជួបប្រជុំជាមួយតំណាងក្រុមសាងសង់អគារទីស្តីការថ្មីរបស់ក្រសួង និងតំណាងអង្គភាពពាក់ព័ន្ធជាច្រើនលើក ហើយបានធ្វើការបណ្តុះបណ្តាលមន្ត្រីបង្គោលសម្រាប់ត្រៀមការការរុះរើ និងរៀបចំបំពាក់ប្រព័ន្ធនានាតាមតម្រូវការជាក់ស្តែងផងដែរ។

ឧត្តមសេនីយ៍ឯក បានលើកឡើងទៀតថា «ពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗខាងលើ នៅក្នុងអគារទីស្តីការថ្មីនេះ ក្រុមការងារបច្ចេកទេសបានគិតគូរគ្រប់ជ្រុងជ្រោយអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ការរៀបចំយន្តការការងារ (SOP) ការបំពាក់បច្ចេកវិទ្យាសម្រាប់គាំទ្រប្រព័ន្ធទាំងអស់ និងការពារហានិភ័យ ព្រមទាំងការពារសុវត្ថិភាពនៃការប្រើប្រាស់ផងដែរ»។

សូមរំលឹកដែរថា អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃនេះ ត្រូវបានសាងសង់ឡើងនៅទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ