ភ្នំពេញ ៖ លោកស្រី Im Jeong Hee អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA បានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦១លានដុល្លារ សម្រាប់វិស័យអាទិភាពសំខាន់ៗចំនួន ៤ នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

វិស័យអាទិភាពសំខាន់ៗ ចំនួន៤ នោះ រួមមាន ៖ អំប់រំ, ដឹកជញ្ជូន, អភិវឌ្ឍន៍ (ជនបទ) តាមតំបន់, ការគ្រប់គ្រងទឹក និងសុខមាសភាពសាធារណៈ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈគម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកស្រី Im Jeong Hee បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលយ៉ាងធំធេងរហូតមកដល់បច្ចុប្បន្ន និងការដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវី៥-១៩ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ រហូតឈានដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ។

លោក បានបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA បានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពសំខាន់ៗចំនួន ៤ គឺ៖ អប់រំ, ដឹកជញ្ជូន, អភិវឌ្ឍន៍(ជនបទ)តាមតំបន់, ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណៈ ។ គួរឲ្យកត់សម្គាល់ឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ទំហំហិរញ្ញប្បទានដែលសាធារណរដ្ឋកូរ៉េបានបើកផ្ដល់ដល់កម្ពុជាមានការកើនឡើង ហើយទំហំហិរញ្ញប្បទាននេះនឹងបន្តកើនឡើង ថែមទៀតនាពេលអនាគត»។

លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានថ្លែងអំណរអរគុណដល់ KOICA ដែលបន្តការគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារប្រទេសឡើងវិញពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារ KOICA ដែលបាននឹងកំពុងបន្តផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងយ៉ាងច្រើន ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជំនួយជាសម្ភារវិជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ