ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួន សង្កេតឃើញថា រហូតមកដល់ពេលនេះ មានស្ថាប័នរដ្ឋចំនួន២ហើយ បានពាក្យ បណ្ដឹងលោក ផែង វណ្ណៈ ក្រោយពីប្រមាថព្រះសង្ឃគង់នៅវត្តរាជបូណ៌ ក្នុងទឹកដីខេត្តសៀមរាប។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មិនទាន់ឃើញមានសមត្ថកិច្ច ឬតុលាការ មានចំណាត់ការអ្វីឡើយចំពោះ ផែង វណ្ណៈ។

សូមជម្រាបថា កាលពីថ្ងៃទី១៤ មីនា លោក ផែង វណ្ណៈ ធ្វើការបង្ហោះវីដេអូ ផ្សាយផ្ទាល់លើផេករបស់ខ្លួន អតីតឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថ មកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែង ញុះញុងឱ្យមានការរើសអើង ចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា « ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត»។

ក្រោយមកទៀត ក្រសួងធម្មការ និងសាសនា បានស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៧៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ជាងនេះទៅទៀត ក្រសួងធម្មការ និងសាសនា ធ្វើការថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះ សកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឲ្យ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចាត់វិធានការចំពោះបុគ្គលរូបនេះ តាមច្បាប់ជាធរមាន។

បន្ទាប់មកទៀត សាលាខេត្តសៀមរាប តាមរយៈលោកមេធាវី អ៊ុន ច័ន្ទថុល ជាតំណាង បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ចំនួន៣បទល្មើស ពាក់ព័ន្ធបទញុះញង់ឱ្យមានការរើសអើង, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថចំពោះអ្នករាជការសាធារណៈ។

ក្នុងពាក្យបណ្តឹងរបស់សាលាខេត្តសៀមរាបបានប្តឹងលោក ផែង វណ្ណៈ អាយុ៥២ឆ្នាំ ពីបទ៖ ញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៦, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញាត្តិមាត្រា៤៩៧ និងបទប្រមាថចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងកាលពីអំឡុងថ្ងៃទី១៤ ១៥ និង ១៦ ខែមីនា ឆ្នាំ២០២១។

ជុំវិញបញ្ហាខាងលើនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ ក្រុមការងារ NP News នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ថា ពាក់ព័ន្ធទិដ្ឋភាពច្បាប់ និងមានដើមបណ្ដឹងជាបន្ដបន្ទាប់ ក្នុងការប្ដឹង លោក ផែង វណ្ណៈ នោះ លោកបាននិយាយហួសហេតុពេកហើយ ធ្វើឲ្យប៉ះពាល់ ព្រះសង្ឃ និងមន្ដ្រីរាជការ ដូច្នេះ លោកមិនអាចគេចផុតពីការអនុវត្តច្បាប់ឡើយ។

លោកបន្ដថា លោក ផែង វណ្ណៈ បានប្រមាថព្រះសង្ឃ និងមន្ដ្រីរាជការ ក៏ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ចំពោះមហាជន ផងដែរ។ លោកថា បើតុលាការគ្មានចំណាត់ការទៅលើ ផែង វណ្ណៈ ទេ នឹងធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹម ចំពោះស្ថាប័នអនុវត្តច្បាប់។

ក្រោយពីលោក ផែង វណ្ណៈ ធ្វើការសុំទោសចំពោះព្រះសង្ឃ នោះ លោក ពេជ្រ ស្រស់ យល់ឃើញថា ពាក្យសុំទោស បើមើលស្ថានភាពដែលព្រឹត្តិកំហុស បើសិនកំហុសត្រឹមសុំទោស បញ្ហានឹងគួរតែលើកលែងទោស ប៉ុន្ដែកំហុសហួសពាក្យសំទោស មិនអាចលើកលែងបានឡើយ គួរតែបន្ដនិតិវីធីតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ