ព្រះអង្គម្ចាស់ក្សត្រីសិរិនថន បន្តផ្តល់ជំនួយក្នុងវិស័យអប់រំ រយៈពេល៥ឆ្នាំបន្ថែមទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំ
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី ចៅហ្វាមហាចក្រី សិរិនថនបានសព្វព្រះហឫទ័យ បន្តព្រះរាជទានជំនួយដល់កម្ពុជាក្នុងវិស័យអប់រំ រយៈពេល៥ឆ្នាំបន្ថែមទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំ ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យ អប់រំនៅទីនោះ ។យោងតាម ការចេញផ្សាយ ក្រសួង ព័ត៌មាន ។
លោក ប៉ិច សៀង នាយកវិទ្យាស្ថានកំពង់ឈើទាល បានឲ្យដឹងថា វិទ្យាស្ថាននេះ បានបើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញបច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្ម សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ ការងារបច្ចុប្បន្ននៅកម្ពុជា។ លោកបានបញ្ជាក់ថា ការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រី ចៅហ្វាមហាចក្រី សិរិនថន គឺបានជំរុញឲ្យមាន ទំនាក់ទំនងក្នុងវិស័យអប់រំ រវាងកម្ពុជានិងថៃកាន់តែល្អប្រសើរ។ ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋនិងឯកជន ព្រមទាំងបង្កើតឱ្យមានការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតរវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ព្រះរៀមក្សត្រី ចៅហ្វាមហាចក្រី សិរិនថននៃប្រទេសថៃ បានសព្វព្រះហឬទ័យ ព្រះរាជទានជំនួយ ដល់កម្ពុជា ក្នុងវិស័យអប់រំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំនេះតាំងពីឆ្នាំ២០០០មក ហើយបាននិងកំពុងបន្តជួយ រយៈពេល៥ឆ្នាំបន្ថែមទៀត គិតពីខែកញ្ញាឆ្នាំ២០២០ដល់ខែកញ្ញា ឆ្នាំ២០២៥៕EB