ភ្នំពេញ  ៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសពីភាពជោគជ័យ ក្នុងការទប់ស្កាត់បាននូវការចម្លងជំងឺកូវីដ១៩ថ្មី ចូលក្នុងប្រទេសកម្ពុជា និងសហគមន៍ ក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រោមការដឹកនាំ និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងបេះដូងមនុស្សធម៌របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលបានបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងបានដើរលេងកម្សាន្តដោយសេរី ប្រកបដោយសេចក្ដីសប្បាយរីករាយផងដែរ។
ក្រសួងបន្តថា នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំ និងដាក់ចេញនូវវិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានទាន់ពេលវេលារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យ ស្ថានភាពជំងឺកូវីដ-១៩ មិនឱ្យមានការរាតត្បាតក្នុងទ្រង់ទ្រាយធំ និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍នៅឡើយមកទល់ពេលនេះ។ ទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀនសូត្រការរស់នៅជាមួយនឹងវត្តមានរបស់វីរុសកូវីដ-១៩ រស់នៅ ធម្មតាតាមបែបគន្លងថ្មីៗ ដោយកែប្រែទម្លាប់របស់ខ្លួន ឱ្យមានការថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីចៀសផុតពីការចម្លងជំងឺឆ្លងនានា ជាពិសេសគឺការចម្លងវីរុសកូវីដ-១៩ ដោយត្រូវនាំគ្នាចូលរួមអនុវត្តន៍ អនាម័យដៃស្អាតជានិច្ច ពាក់ម៉ាស់នៅក្នុងករណីចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ដែលជាវិធានការសាមញ្ញៗ តែងតែមានការណែនាំឱ្យអនុវត្តន៍ជារឿយៗដោយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ណែនាំ និងតាមដានស្ថាន ភាពនៃការចម្លងវីរុសកូវីដ-១៩ដោយយកចិត្តទុកដាក់ តាមរយៈបណ្ដាញប្រព័ន្ធសុខាភិបាល នៅទូទាំងប្រទេសឃើញថា៖ «មិនទាន់មានករណីចម្លងវីរុសកូវីដ១៩ថ្មី កើតមានឡើងនៅក្នុងប្រទេស (Local transmission) និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍ (Community transmission) នៅឡើយទេ» ដែលស្ថានភាពនេះ គឺជាជោគជ័យមួយវគ្គទៀតហើយ បន្ទាប់ពីស្ថានភាពមិនមាន ការចម្លងវីរុសកូវីដ-១៩ ក្នុងកំលុងពេលឈប់សម្រាកសម្រាប់សងថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែសីហាកន្លងទៅនេះ»។
សូមបញ្ជាក់ថា  គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន ២៧៥នាក់ ក្នុងនោះ  ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់  និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ