សម្ដេចក្រឡាហោម ស ខេង សង្កេតឃើញថា ត្រីមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កំពុងកើនឡើង ខណៈគ្រោះថ្នាក់សង្គមផ្សេងៗ ថយចុះយ៉ាងខ្លាំង
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ កំពុងកើនឡើងជាថ្មីទៀត នៅត្រីមាសទី១ ឆ្នាំ២០២២ ខណៈគ្រោះថ្នាក់សង្គមផ្សេង ដូចជា ៖ គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ ថយចុះយ៉ាងខ្លាំង។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២ មក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានកែប្រែ ឬវិសោធនកម្មជាបន្តបន្ទាប់។ សម្ដេច ថា រាល់ពេលកែប្រែ ឬវិសោធនកម្ម រាជរដ្ឋាភិបាល តែងតែបានទុកឱកាសធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមគ្រប់រូបភាព ក្នុងរយៈពេលពី ៦ខែ ទៅ១ ឆ្នាំដោយផ្ទាល់ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា មុនមានការអនុវត្តច្បាប់ថ្មី។
សម្ដេច បន្ដថា ជាក់ស្តែងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោករាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំង ខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើ នត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។
សម្ដេច បន្ថែមថា នៅឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុកបានបណ្តាល ឲ្យស្លាប់ប្រជាពលរដ្ឋ ជិត២០០០នាក់ និងរបួសជាង៦០០០នាក់ ដែលជាការបាត់បង់ ឬជាសោកនាដកម្មដ៍ធំធេងរបស់ប្រទេសកម្ពុជា ក្នុងស្ថានភាពដែលយានយន្តមានកំណើនខ្ពស់ផងដែរ។ ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់យកគោលការណ៍រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។
សម្ដេច រៀបរាប់ថា បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ ២ឆ្នាំ (២០២០ និង២០២១) ចំនួនអ្នកស្លាប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លាប់ថយមកត្រឹម ១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ គឺរយៈពេល ២ឆ្នាំនេះ បានសង្គ្រោះជីវិតប្រជាពលរដ្ឋរួចផុតពីសេចក្តីស្លាប់ប្រមាណ ៨០០នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០នាក់។
សម្ដេច ស ខេង មានប្រសាសន៍ថា «ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមកោតសរសើរចំពោះប្រជាពលរដ្ឋដ៍ច្រើនលើសលប់ដែល មានឆន្ទៈចូលរួមគោរពច្បាប់ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិតទាំងអស់គ្នា។ សូមកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការសម្រេចជោគជ័យក្នុងភារកិច្ចដ៍ថ្លៃថ្លានេះ»។
សម្ដេច បន្ដទៀតថា «ប៉ុន្តែទោះយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមយូរអង្វែង។ រាល់ថ្ងៃចំនួនអ្នកស្លាប់ជា មធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀត នាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ កំពុងថយចុះយ៉ាងខ្លាំង»។
លើសពីនេះទៀត សម្ដេច ស ខេង ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យក្នុងការបើកបរ។ សម្ដេច ក៏បានរំលឹកដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យ បានជោគជ័យតាមទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ និងដើម្បីអនុវត្តឲ្យបានជោគជ័យនូវអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»៕EB