ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ ត្រូវប្រយ័ត្នចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន យកប្រាក់ពីបទល្មើសនេះទៅផ្ញើនៅធនាគារ ដែលនាំឱ្យធនាគារនៅកម្ពុជាក្លាយជាព៌ណខ្មៅ ខណៈឆ្នាំ២០២០ និងឆ្នាំ២០២១ ជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅកម្ពុជានោះ បទល្មើសគ្រឿងញៀនក៏បានកើនឡើងច្រើនដែរ។

ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»  នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ខាងធនាគារអាចនឹងមិនដឹងថា ប្រាក់បញ្ញើទាំងនេះ បានមកពីបទល្មើសគ្រឿងញៀននោះឡើយ។ ដូច្នេះហើយ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តតាមដាន និងយកចិត្តទុដាក់ត្រង់ចំណុចនេះឱ្យបានខ្លាំងជាទីបំផុត។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការអំពាវនាវទៅកាន់អាណាព្យាបាលមួយចំនួនតូច មិនត្រូវបណ្ដោយឱ្យកូនចៅធ្លាក់ចូលក្នុងបញ្ហាគ្រឿងញៀន ដោយប្រើហេតុផលថា រវល់ការងារ មុខរបរ និងជាពិសេសថាការងារទប់ស្កាត់នេះជាករណីកិច្ចរបស់រាជរដ្ឋាភិបាលនោះឡើយ។

សូមបញ្ជាក់ថា បើតាមលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃនេះ មានចំនួន ៦តោន ក្នុងចំណោមប្រមាណ ៩០តោនដែលបានរឹបអូសបាន។ មូលហេតុដែលដុតបំផ្លាញក្នុងចំនួន ៦តោន ដោយសារកុំឱ្យសាយភាយប៉ះពាល់សុខភាពជុំវិញ។ បន្ទាប់មកអាជ្ញាធរនឹងបន្តដុតបំផ្លាញចោលថែមទៀតសម្រាប់គ្រឿងញៀនដែលនៅសល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ