សម្តេចក្រឡាហោម ស ខេង ៖ ការបោះឆ្នោត ឃុំ-សង្កាត់ គឺជាការពង្រឹងស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន
បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ គឺជាការពង្រឹងស្ថិរភាពភាព និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមាន ផ្លូវ ភ្លើង ទឹក សាលារៀន ពេទ្យជាដើម។
ក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ៣.០៥២នាក់ នៅសាលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានឲ្យកាន់តែរឹងមាំ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា «ផ្អែកលើប្រវត្តិសាស្ត្រដោយសារការបែកបាក់គ្នាដ៏ជូរចត់របស់យើងកន្លងមក កម្ពុជាបានយកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីពង្រឹងស្ថិរភាពភាពនៅតាមមូលដ្ឋាន ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ហើយពង្រឹងភាពធ្វើជាម្ចាស់នៅមូលដ្ឋាន ដើម្បីរួបរួមគ្នាធ្វើយ៉ាងណា ឲ្យមានផ្លូវ មានភ្លើង មានទឹក មានសាលារៀន មានពេទ្យជាដើម ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់»។
សម្ដេចក្រឡាហោម បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺត្រូវតែផ្សារភ្ជាប់នឹងការធ្វើកំណែទម្រង់ឲ្យបានល្អឡើងថែមទៀត ដើម្បីការប្រកួតប្រជែងបម្រើមូលដ្ឋានសហគមន៍ឲ្យកាន់តែមានការរីកចម្រើន ហើយការបោះឆ្នោតថ្នាក់ឃុំសង្កាត់នេះ គឺដើម្បីផ្តល់ឱកាសដល់ថ្នាក់មូលដ្ឋាន បានធ្វើការអភិវឌ្ឍភូមិ ឃុំ សង្កាត់របស់ខ្លួន ព្រោះអ្នកដឹកនាំនៅមូលដ្ឋាន គឺបានផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពជាម្ចាស់របស់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានរបស់គាត់បន្ទាប់ពីថ្នាក់ជាតិបានផ្ទេរសិទ្ធិនិងអំណាចឱ្យគាត់ធ្វើការអភិវឌ្ឍមូលដ្ឋានមានភាពល្អស្រស់បំព្រងឡើង៕EB