ភ្នំពេញ ៖ នាព្រឹកថ្ងៃទីពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍លើកឡើងថា តាមគម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ លើសពីនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បាន ណែនាំក្រុមហ៊ុនសាងសង់ត្រូវរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀតឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាតផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ថែមថា ក្រោយអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ ត្រូវទាមទារឱ្យមានការចូលរួមថែទាំយ៉ាងម៉ត់ចត់បំផុតចំពោះអគារទាំងមូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីដំណើរការសាងសង់ ជូនអង្គប្រជុំទាំងមូលជា្របថា លទ្ធផលសរុបជារួម អគារនេះសម្រេចបាន ៨០% ធៀបនឹងកិច្ចសន្យា។

ទន្ទឹមនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារសាងសង់ និងត្រូវធ្វើការចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានស្តង់ដារ និងសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឱ្យសំណង មានភាពរឹងមាំផងដែរ។ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ