ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចេញបទបញ្ជាឲ្យសមត្ថកិច្ចគ្រប់ប្រភេទ ធ្វើការបង្ក្រាបជនល្មើសរកស៊ីជួញដូរមនុស្ស ដោយគ្មានការលើកលែង និងមិនយោគយល់។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ សម្ដេច ស ខេង បានថ្លែងថា ការឃាត់ខ្លួនជនសង្ស័យរកស៊ីជួញដូរមនុស្ស គឺត្រូវខិតខំបន្ដឲ្យបានកាន់តែច្រើន ទៅតាមបរិមាណបទល្មើសដែលមាន ទន្ទឹមនឹងនោះ ក៏ត្រូវពន្លឿនការកាត់សេចក្ដី នៅតាមសាប័ន្ធតុលាការ ដើម្បីទទួលផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ប្រកដដោយភាពត្រឹមត្រូវ។

សម្ដេច មានប្រសាសន៍ថា «កិច្ចការងារបង្ក្រាបជនល្មើសនេះ និងការកាត់សេចក្ដីផ្តន្ទាទោស ខ្ញុំ ក៏សូមលើកទឹកចិត្តបន្ថែមទៀត ដល់សមត្ថកិច្ចពាក់ព័ន្ធរបស់យើង ធ្វើយ៉ាងម៉េច? ធ្វើឲ្យបានត្រឹមត្រូវ បានន័យថា ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនលើកលែង មិនយោគយល់ មិនអនុគ្រោះ ចំពោះអ្នកប្រព្រឹត្តបទល្មើសដ៏ហាវព្រែផ្សៃនេះ»។

នាឱកាសនោ សម្ដេច ស ខេង បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូក្នុងស្រុក និងអន្តរជាតិសូមបន្តសហការគ្នា ដើម្បីបន្តរិះរកនូវវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស   សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជាគ្មានអំពើជួញដូរមនុស្ស» និងរួមចំណែកក្នុងការ រក្សាស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសង្គម និងកាត់បន្ថយឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ លើមនុស្ស គ្រប់ភេទ គ្រប់វ័យ ជាពិសេសស្រ្តី កុមារ និងយុវវ័យ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស ដើម្បីជាឱកាសពង្រឹងនិងពង្រីកធនធានមនុស្សក្នុងសង្គម ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ តាមការគ្រោងទុក។

សូមបញ្ជាក់ថា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញ ដូរមនុស្សចំនួន ២៣៥ករណី ក្នុងនោះ បានបញ្ជូនទៅតុលាការចំនួន ៤០០នាក់ សរុបជនរងគ្រោះដែលសង្គ្រោះបានចំនួន១,៣៩០នាក់។ ដោយឡែក ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន១២៤ករណី (៨៦ករណី ជាករណីរួមភេទជាមួយអនីតិជន) ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន១៣៨នាក់ សរុបជនរងគ្រោះដែលសង្គ្រោះបាន ចំនួន១៨៧នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ