សម្ដេចក្រឡាហោម ស ខេង ផ្ដាំអ្នកគាំទ្រកុំឱ្យថ្ងៃ ស ទៅជាថ្ងៃប្រផេះ ឬក្រហម ហេីយឈ្នះចាញ់ដោយយុត្តិធម៌
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ថា កុំឱ្យថ្ងៃ ស ទៅជាថ្ងៃប្រផេះ ឬក្រហម ហេីយឈ្នះចាញ់ដោយយុត្តិធម៌។
ក្នុងឱកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ ថា "ថ្ងៃស្អែក គឺថ្ងៃ ស។ ថ្ងៃ ស នេះយើងកុំអត្តនោម័ត។ ថ្ងៃ ស មែន ប៉ុន្តែជួនអីវាប្រផេះ វាទៅជាប្រហម។ អ៊ីចឹងហើយសូមប្រយត្ន។ យើងមិនត្រូវធ្វើអ្វីផ្ដេសផ្ដាស់ទេ"។
សម្ដេចក្រឡាហោម បានបន្តថា«ក្នុងឋានៈយើងជាសមាជិកនៃគណបក្សកាន់អំណាច យើងត្រូវតែគោរពច្បាប់ឱ្យបានហ្មត់ចត់ ដើម្បីយើងដណ្ដើមជោគជ័យសម្រាប់ប្រទេសជាតិ ជាមុខមាត់សម្រាប់ប្រទេសជាតិ និងគណបក្ស ប៉ុន្តែយើងត្រូវតែប្ដេជ្ញាចិត្តថាគណបក្សយើងត្រូវយកជ័យជម្នះឱ្យបាន អ៊ីចឹងត្រូវខិតខំប្រឹងប្រែងទាំងអស់ បានន័យថាការដែលយើងឈ្នះឆ្នោត គឺឈ្នះដោយត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។
សូមបញ្ជាក់ថានៅថ្ងៃនេះ គឺជាថ្ងៃចុងក្រោយហើយនៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ។ នៅថ្ងៃស្អែក គឺថ្ងៃទី៤ ខែមិថុនា ត្រូវបានកំណត់ជាថ្ងៃ ស ដែលគ្រប់គណបក្សនយោបាយ និងតួអង្គពាក់ព័ន្ធទាំងអស់ត្រូវរក្សាភាពស្ងៀបស្ងាត់ដើម្បីផ្ដល់អំណោយផលល្អដល់ការបោះឆ្នោត។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះហើយ៕EB