ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ធនធានសត្វព្រៃរបស់កម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងដាក់អន្ទាក់ កើតឡើងបណ្តាលមកពីជួញដូរសត្វព្រៃ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងសន្និសីទកាសែត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ និយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្ស។

លោក បញ្ជាក់ថា «ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានមករួមគ្នានៅថ្ងៃនេះ ដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា»។ 

លោក រដ្ឋលេខាធិការ ក៏បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ ដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត។

សូមរំលឹកថា ក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់ចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់ជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ