ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនចិនទាំងអស់ មានបំណងវិនិយោគលើវិស័យនានានៅកម្ពុជា ត្រូវរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគ ដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួន មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ ឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ហើយកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាន់ព័ន្ធ ក្រុមហ៊ុន Union Development Group និងក្រុមហ៊ុនចំនួន៦ជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ដែលមានបំណងវិនិយោគនៅកម្ពុជាផងដែរ។

អង្គប្រជុំនេះ ត្រូវបានរៀបចំឡើងតបតាមសំណើសុំរបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងការស្វែងយល់អំពីគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគីទាំងពីរ បានជជែកពិភាក្សាលើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។

ក្នុងកិច្ចប្រជុំនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យនានានៅកម្ពុជា សូមរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។ ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជួយសម្របសម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូនដល់បណ្ដាក្រុមហ៊ុននានា សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិន បង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ 

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើតឡើងក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាងអាជីវកម្ម ក្រុមហ៊ុន សមាគម និងស្ថាប័ននានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ