ភ្នំពេញ ៖ គណៈកម្មការផ្សារមួយចំនួន នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាត ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ក្រុមសន្តិសុខ សណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ខណៈអាជីវករវិញ បើមិនមានកាតចាក់វ៉ាក់សាំង គឺមិនអនុញ្ញាត ឲ្យបើកតូបលក់ដូរតែម្តង។
លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានអោយដឹងនៅថ្ងៃទី១៤ តុលានេះថា អនុវត្តតាមសេចក្ដីណែនាំ លេខ០២៧/២១សណន ចុះថ្ងៃទី៥តុលា របស់រដ្ឋបាល រាជធានីភ្នំពេញ គណៈកម្មការផ្សារទួលទំពូង បានរៀបចំនៅតាមច្រកចេញ ចូលផ្សារទាំងអស់ ដោយមិនអនុញ្ញាត ឲ្យបងប្អូនប្រជាពលរដ្ឋ ចេញចូលផ្សារ ដោយមិនបានបង្ហាញកាត ចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩នោះទេ មានន័យថា ។
ដោយឡែក សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាត ឲ្យចូលលក់ដូរជាដាច់ខាត បើមិនមានកាតចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករ ផ្សារទួលទំពូងទាំងអស់ ក្រុមការងារ របស់លោក បានចុះធ្វើការត្រួតពិនិត្យ រួចរាល់ហើយ គឺមិនមានអាជីវករណាម្នាក់ គ្មានកាតចាក់វ៉ាក់សាំងនោះទេ ។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូឡាំពិក បានបញ្ជាក់ដែរថា សេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាល រាជធានីភ្នំពេញ យើងបានអនុវត្ត តាំងពីថ្ងៃចន្ទទី ១១ខែតុលាមកម្ល៉េះ តែសម្រាប់ថ្ងៃដំបូង មានអាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារមួយចំនួន បានបង្ហាញកាតចាក់វ៉ាក់សាំង តែមួយចំនួនទៀត ក៏មិនបានយកកាតចាក់វ៉ាក់សាំង មកជាប់តាមខ្លួនដែរ ។
លោកបានបន្ថែមថា ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយ ពីគណៈកម្មការផ្សារ ជាញឹកញាប់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានអនុវត្តនិង សហការបានយ៉ាងល្អ ជាមួយគណៈកម្មការផ្សារ មានន័យថា ពេលចេញចូលផ្សារ និងមកប្រកបអាជីវកម្ម នៅក្នុងផ្សារ ពួកគាត់មានកាត ចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច ។ ក្រៅពីឲ្យបងប្អូនជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ការអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាល ក៏បានអនុវត្តជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឲ្យបាន នូវការរីករាលដាល នៃជំងឺកូវីដ-១៩នេះ៕