សម្ដេចក្រឡាហោម ស ខេង ៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារធនធានធម្មជាតិ ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារឲ្យបានធនធានធម្មជាតិ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋទាក់ទាញទេសចរ និងអ្នកវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះ ជាបញ្ហាធម្មតានោះឡើយ។
ក្នុងពិធីសម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី កាលពីថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី សម្ដេច ស ខេង មានប្រសាសន៍ថា «ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាថាការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះគឺជាយុទ្ធសាស្រ្ត ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ទាក់ទាញទេសចរ ទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះគឺជាការងារដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ»។
សម្ដេចបានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិដូចជាព្រៃឈើជាដើមអាចពិចារណារៀបចំប្រតិទិនទៀងទាត់ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិ ដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ។
សម្ដេច បានហៅថា ធនធានធម្មជាតិថា«ជាទ្រព្យសម្បត្តិដូនតារបស់យើង» ដោយសម្ដេចបន្តដោយរំលឹក«ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅចិនហើយគេក៏បានធ្វើបទបង្ហាញប្រាប់ខ្ញុំអំពីគម្រោងអភិវឌ្ឍធំៗ។ ខ្ញុំក៏បានសួរថាតើលុយនោះបានមកពីណា? ចម្លើយគឺលុយបានមកពី៣ប្រភព គឺទី១លុយដូនតា ទី២លុយយើង និងទី៣លុយកូនចៅយើង»។
សម្ដេចបានពន្យល់ទៀតថា «លុយដូនតា គឺសំដៅដល់ធនធានធម្មជាតិ មានព្រៃភ្នំជាដើមដែលអាចទាក់ទាញការវិនិយោគ មិនមែនបានពីការកាប់ឈើលក់នោះឡើយ។ លុយយើង គឺលុយដែលបានមកពីការខិតខំប្រឹងប្រែងវិនិយោគបានផលចំណេញ មានពន្ធ មានការងារធ្វើជាដើម និងលុយកូនចៅយើង គឺសំដៅដល់លុយដែលបានខ្ចីសម្រាប់យកមកអភិវឌ្ឍ ហើយកូនចៅយើងជាអ្នកបន្តទទួលខុសត្រូវ ដែលការខ្ចីនោះត្រូវមានដែនកំណត់ ហើយប្រទេសណាក៏ធ្លាប់ និងកំពុងជំពាក់បំណុលគ្នាទៅវិញទៅមកដែរ»៕EB