ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងដាក់មន្ត្រីប្រមាណ ២ ពាន់នាក់ចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ៥ និងទី ៦ ខែធ្នូ ឆ្នាំ ២០២២។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហង់ ជួនណារ៉ុន បានថ្លែងថា «ក្នុងដំណើរការប្រឡង ក្រសួងបានរៀបចំគណៈកម្មការមេប្រយោគ និងគណៈកម្មការអប្បមាទ ព្រមទាំងគណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់បុគ្គលិកអប់រំ ជាង ៧ ម៉ឺននាក់ (៧ ៧០០០) ក្នុងនោះក៏មានការសហការពីអង្គភាពប្រឆាំងអំពើពុករលួយដែលចូលរួមសង្កេតការណ៍ប្រមាណ ២ ពាន់នាក់ គ្រប់ដំណាក់កាលនៃប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ»។

សូមរំលឹកថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០២២ នឹងត្រូវរៀបចំធ្វើឡើងរយៈពេល ២ ថ្ងៃ (៥-៦ ធ្នូ) ហើយគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយនៅថ្ងៃទី ២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀត។ បេក្ខជនមានឈ្មោះដែលនឹងត្រូវចូលរួមប្រឡងឆ្នាំនេះចំនួនជាង ១ សែននាក់ (១២៨ ១៣៤) ដែលមានបេក្ខនារី ជិត ៧ ម៉ឺននាក់ (៦៨ ៧៧១)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ